-->
សូមស្វាគមន៍ www.sievphovkhmaotvonline.com មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តតាកែវ ../ ទំនាក់ទំនង Tele: 060538678....
សូមស្វាគមន៍ គេហទំព័រ សៀវភៅខ្មៅ ធីវី អនឡាញ មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តតាកែវ / ទំនាក់ទំនង Tele: 060538678....

Tuesday, August 30, 2022

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

ចំនួនអ្នកទស្សនា: Views


អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

 




នាព្រឹក ថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំលាន មួយសែនរៀល (៥,១០០,០០០រៀល) អង្ករចំនួន ២៥ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១៣គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕



Saturday, August 27, 2022

ឯកឧត្តម រ័ត្ន ស៊្រាង អញ្ជើញបើកការដ្ឋានស្ថាបនាប្រព័ន្ធលូរំដោះទឹក ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

ចំនួនអ្នកទស្សនា: Views


ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបើកដំណើរការ ការដ្ឋានស្ថាបនាប្រព័ន្ធលូរំដោះទឹក នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដែលមានប្រវែង១,០០០ម៉ែត្រ ស្របតាមផ្លូវបេតុង (ផ្លូវបឹងរំចង់) ពីផ្លូវជាតិលេខ២ ឆ្ពោះមក ភូមិព្រែកកំពឹស ដោយឯកឧត្តម រ័ត្ន ស្រ៊ាង និងក្រុមការងារ រួមជាមួយ ក្រុមហ៊ុនបុរី ប៊ែលវីឡា រួមគ្នាចំណាយថវិកា ក្នុងគម្រោងទឹកប្រាក់ សរុបប្រមាណជា ៥០,០០០$  (ប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក)។

ប្រព័ន្ធលូរំដោះទឹកមួយខ្សែនេះមានសារប្រយោជន៍សំខាន់ណាស់ ដែលអាចធានា រំដោះទឹកពីក្នុងសង្កាត់ចំនួន០៤ គឺទឹកដែលហូរជន់ធ្លាក់មកពីសង្កាត់ស្ពានថ្ម សង្កាត់រលួស សង្កាត់ទៀនចូលមកភូមិសាស្ត្រ សង្កាត់ព្រែកកំពឹសតាមមុខច្រក បុរីវីអាយភី ដែលអាចធ្វើឱ្យប៉ះពាល់លិចលង់ដល់ភូមិព្រែកកំពឹសទាំងមូល និងមួយផ្នែកនៃ ភូមិក្រាំងស្វាយ ។ ប្រព័ន្ធលូមួយខ្សែនេះគឺមានគុណសម្បត្តិទទួលរំដោះទឹកដែលហូរកាត់សង្កាត់ទាំង៤ក្នុងខណ្ឌដង្កោខាងលើ បង្ហូរចូលប្រឡាយលេខ៦៦ ចាក់ឆ្ពោះចុះទៅដល់ស្ទឹងតាហោ តាមប្រព័ន្ធលូធំដែលឯកឧត្តម រ័ត្ន ស្រ៊ាង ធ្លាប់បានជួយកសាង និងបានជួលជុលកែលម្អឡើងវិញកាលពីឆ្នាំកន្លងមក។

ដូចទម្លាប់រាល់ដងផងដែរ រាល់ពេលមានកម្មវិធីចុះមូលដ្ឋាន ឯកឧត្តម រ័ត្ន ស៊្រាង បាននាំយកនូវ អាហារសម្រន់ ភេសជ្ជៈ និងទឹកសុទ្ធ ចែកជូនសមាជិកចូលរួមទាំងអស់ បរិភោគរួមគ្នា ប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាល។ តែសម្រាប់កម្មវិធី លើកនេះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានចែកបន្ថែម នូវភេសជ្ជៈផ្លែឈើជូនដល់បណ្តាភូមិទាំងអស់ ក្នុងសង្កាត់ព្រែកកំពឹស ព្រមទាំង សាលាសង្កាត់ និងបានឧបត្ថម្ភថវិកាដល់សមាជិកយុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹស ក៏ដូចជាកម្លាំងរក្សាសន្តិសុខ សណ្តាប់ដែលបានចួលរួមគ្រប់ៗគ្នា៕

 












 

Monday, August 22, 2022

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តាំផ្ញើ​ដល់​ឪពុក​ម្តាយ​ទូទៅ ត្រូវ​មើល​ថែ​និង​គ្រប់គ្រង​កុមារ​ឲ្យបាន​ដិតដល់​

ចំនួនអ្នកទស្សនា: Views


 ​នៅវេលា​ម៉ោង​០៨​និង​៤៥​នាទី ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២២ មាន​ប្រជាពលរដ្ឋ​ផ្តល់​ព័ត៌មាន​តាមរយៈ​លេខ​ទូរ​សព្ទ​១២៩១ របស់​មណ្ឌល​បញ្ជា​ប្រតិបត្តិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​បាន​រាយការណ៍​ថា បាន​ប្រទះឃើញ​កុមារ​វង្វេង​ឪពុកម្តាយ ម្នាក់ នៅ​ចំណុច​ផ្លូវ​៣៧១ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានដាក់​បញ្ជា​ដោយ​ផ្ទាល់ ដល់​ក្រុមការងារ ឲ្យ​ចុះ​ទៅ​ដល់​កន្លែងកើតហេតុ ហើយ​បាន​ទទួលយក​កុមារា​ម្នាក់​នោះ មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ដើម្បី​ធ្វើ​ការស្រាវជ្រាវ​ស្វែងរក​ឪពុកម្ដាយ និង​បាន​ជូនដំណឹង​ទៅ​កាន់​វិទ្យុ ABC ផងដែរ ដើម្បីឲ្យ​ជួយ​ប្រកាសរ​កឪពុក​ម្ដាយ អាណាព្យាបាល មក​ទទួលយក​កុមារ​ត្រឡប់ទៅផ្ទះ​វិញ​។​

​ក្រោយពី​បាន​ធ្វើ​ការស្រាវជ្រាវ និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ក៏ដូចជា​វិទ្យុ​ABC​ផង​នោះ នៅ​ទីបំផុត កុមារា ដែល​វង្វេង​ឪពុក​ម្តាយ​ម្នាក់នេះ ត្រូវបាន​ម្ដាយ​ឈ្មោះ ចិន ច​ន្ធី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មក​ទទួលយក​ត្រឡប់ទៅផ្ទះ​វិញ ដោយ​សុវត្ថិភាព​។ កុមារា មានឈ្មោះ​ថា ខេ​ត សុ​ខេ​ម អាយុ​0៥​ឆ្នាំ ។​

​ចំពោះ​ករណី​កុមារ​វង្វេងផ្លូវ​បាត់​ឪពុក​ម្តាយ​នេះ បាន​ធ្វើឲ្យ​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញ​នូវ​អារម្មណ៍ ក្តុកក្តួល អាណិត ស្រណោះ ជា​ពន់ពេក និង​សូម​អំពាវនាវ​ដល់​ឪពុក​ម្តាយ​ទូទៅ ត្រូវ​មើល​ថែ​និង​គ្រប់គ្រង កុមារ ឲ្យបាន​ដិតដល់ ជៀសវាង​មាន​រឿង​អកុសល​កើតឡើង​លើ​កុមារ ដោយសារតែ​ការធ្វេសប្រហែស​របស់​យើង ដែល​អាច​នឹង​ក្លាយជា​រឿង​វិប្បដិសារី​អស់​មួយ​ជីវិត​៕



Friday, August 19, 2022

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ: ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេស ចូលជួបសម្តែងការគួរសម និងជម្រាបលា នាឱកាសដែលលោកជំទាវត្រូវបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

រូបថត៖ ទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង

Thursday, August 18, 2022

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយអេស្ប៉ាញ ចំនួន ៣០ម៉ឺនដូស

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេងចំនួន ៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញនេះ បានដឹកមកដល់ប្រទេសកម្ពុជានៅវេលារំលងអាធ្រាត្រថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចេញទៅទទួល និងរៀបចំទុកដាក់វ៉ាក់សាំងនោះទាំងយប់ផងដែរ។ បើតាមលោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា វ៉ាក់សាំងនេះ គឺជាជំនួយទ្វេភាគី។
 លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា មកដល់ពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំងសរុបប្រមាណ ៧៤លានដូស ហើយកំពុងសល់នៅក្នុងឃ្លាំងជាង ៧.៦លានដូស។ វ៉ាក់សាំង គឺជាបង្អែកដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គមេបញ្ជាការកំពូលក្នុងសង្គ្រាមកូវីដ១៩ បានផ្តល់តម្លៃខ្ពស់បំផុតលើការងារចាក់វ៉ាក់សាំង ដើម្បីលុបបំបាត់ជំងឺកូវីដ១៩ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។ 

 ទន្ទឹមនឹងការអំពាវនាវឱ្យពលរដ្ឋអនុវត្តន៍វិធានសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងតាមយុទ្ធសាស្ត្រផ្ការីក។ តាមរយគោលនយោបាយចាក់ស្រោចវ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាឈានទៅទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ របាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្នកម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៩៤ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះ ដូសទី១ បានជាង ១៥លាននាក់, ដូសទី២ បានជាង ១៤លាននាក់, ដូសទី៣ បានជិត ១០លាននាក់, ដូសទី៤ បានជិត ៤លាននាក់ និងដូសទី៥ បានជាង ៥៥ម៉ឺននាក់។ 

 បើទោះបីជាពេលបច្ចុប្បន្នស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ បានថមថយយ៉ាងណាក្តី តែរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំ នៅតែបន្តប្រកាន់យកនូវនយោបាយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសម្រាប់ដូសជំរុញជាបន្តបន្ទាប់ ដរាបណាជំងឺកូវីដ១៩មិនទាន់បាត់ពីភពផែនដីទេនោះ។ សម្តេចតេជោ ហ៊ុន សែន តែងបានអំពាវនាវដល់ពលរដ្ឋឱ្យទៅទទួលវ៉ាក់សាំងដូសជំរុញ ដើម្បីបង្កើនកងការពារសុខភាពពីជំងឺកូវីដ១៩។ សូមបញ្ជាក់ថា កម្ពុជា មិនត្រឹមតែជាប្រទេសដែលទទួលបានជោគជ័យលើការងារគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ប៉ុណ្ណោះទេ។ តាមការវាយតម្លៃរបស់ក្រុមហ៊ុនផ្សព្វផ្សាយ Nikkei របស់ជប៉ុន បានរកកម្ពុជា ក៏ជាប្រទេសដែលស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ បានល្អប្រសើរជាងគេផងដែរ។ ការគ្រប់គ្រងជំងឺកូវីដ១៩ ដោយជោគជ័យ បានធ្វើឱ្យកម្ពុជាសកម្មភាពសេដ្ឋកិច្ចពេញលេញឡើងវិញ។

 ធ្វើឱ្យកម្ពុជា អាចរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងនាមជាប្រធានអាស៊ានដោយផ្ទាល់ឡើងវិញ នៅដើមខែសីហានេះ បន្ទាប់ពីការប្រជុំដោយផ្ទាល់នេះ ត្រូវបានខកខានអស់រយៈពេលពីរឆ្នាំ។ លទ្ធផលដ៏គាប់ប្រសើររបស់កម្ពុជាលើការងារទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នាំឱ្យមានការកោតសរសើរកម្ពុជាជាខ្លាំង។ ថ្នាក់ដឹកនាំប្រទេសជាមិត្ត អង្គការអភិវឌ្ឍន៍នានា បានវាយតម្លៃខ្ពស់ចំពោះភាពដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមសហការយ៉ាងល្អប្រសើររបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋកម្ពុជា៕


Wednesday, August 17, 2022

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសិក្សា ១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ក្រុងបាត់ដំបង

ចំនួនអ្នកទស្សនា: Views



 ខេត្តបាត់ដំបង: ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសិក្សា ១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានរាយករណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា សាលារៀន សោ ហឺ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៥៤ ដោយឧកញ៉ាបំរុងរដ្ឋ សោ ហឺ មានឈ្មោះថាសាលាកុមារី សោ ហឺ រហូតដល់ឆ្នាំ១៩៧៩ ត្រូវបានរបបខ្មែរក្រហមយកធ្វើជាឃ្លាំងស្តុកជី និងដាក់ស្បៀងសម្រាប់កងទ័ព ទើបចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៥ បានបើកដំណើរការឡើងវិញ ដោយមានឈ្មោះថា សាលាកម្រិតសិក្សាទី២ ទីរួមខេត្ត។

ឯកឧត្តមបន្តថានៅឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៤ សាលានេះបានប្ដូរឈ្មោះមកជាសាលាមធ្យមសិក្សាកម្រិត១ និងចាប់ពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន បានប្ដូរឈ្មោះជាអនុវិទ្យាល័យ សោ ហឺ រហូតដល់ឆ្នាំ២០០៥ សាលានេះក៏បានទទួលអំណោយអគារសិក្សាពីសម្ដេចក្រឡាហោម និងលោកជំទាវ ដែលមកដល់ពេលនេះមានអគារសិក្សា ៣ខ្នង ស្មើ២៩បន្ទប់ មានបគ្គលិកសិក្សា៧១នាក់ និងសិស្សានុសិស្ស១១៦៥នាក់។

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា អគារសិក្សាថ្មីដែលប្រារព្ធពិធីបញ្ចុះបឋមសិលានាឱកាសនេះ ត្រូវដំណើរការសាងសង់រយៈពេល១២ខែ គិតចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដោយមានបំពាក់តុ កៅអី ភ្លើងអគ្គិសនី និងទឹកស្អាត ប្រើប្រាស់បច្ចេកទេសសាងសង់ដំបូងគេក្នុងខេត្តបាត់ដំបង គឺប្លង់សេខ្សែកាប ធ្វើឱ្យកាន់តែរឹងមាំ ធន់ និងចំណេញពេលវេលា និងអាចចាត់ទុកបានថា ជាអគារសិក្សាបំដូងគេនៅកម្ពុជា ដែលប្រើបច្ចេកទេសនេះ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វិស័យអប់រំ និងសិក្សាធិការ ពិតជាមានសារៈសំខាន់ជាគន្លឹះដើម្បីផលិតធនធានមនុស្សផ្ដល់ទៅគ្រប់វិស័យក្នុងសង្គមជាតិ។ សម្ដេចបន្តថា គ្រប់ផ្នែកទាំងអស់នៃសង្គម មិនបានមើលបំណាំគ្នាអភិវឌ្ឍវិស័យអប់រំឡើយ ក្នុងនោះថ្នាក់ដឹកនាំ និងក្រុមការរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងសប្បុរសជននានា សុទ្ធតែបានផ្ដល់ការគាំទ្រយ៉ាងច្រើន ពិសេសការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចថ្ងៃនេះស្រាប់។

សម្ដេចក៏បានរម្លឹកជូនអង្គពិធីអំពីការខិតខំរួមចំណែករបស់សម្ដេចផ្ទាល់ ជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍវិស័យជាច្រើន ក្នុងនោះរួមទាំងការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តបាត់ដំបង ដោយសម្ដេចបន្តថា កាលពីថ្ងៃម្សិលមិញ សម្ដេចទើបតែបានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សាវិទ្យាល័យ មុនីវង្ស មុនពេលមកបញ្ចុះបឋមសិលាសាងសង់អគារសិក្សានៅអនុវិទ្យាល័យ សោ ហឺ នេះ ខណៈមានសមិទ្ធផលជាច្រើនទៀតនឹងត្រូវសម្ពោធជាបន្តបន្ទាប់។

សម្ដេចក៏បានថ្លែងអំណរគុណក្រុមការងារទាំងអស់ រួមទាំងសប្បុរសជនដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងគណបក្ស ក្នុងនោះក៏ជាមួយសម្ដេចផ្ទាល់ក្នុងឋានៈជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីអភិវឌ្ឍន៍វិស័យអប់រំ រួមទាំងវិស័យផ្សេងទៀតក្នុងខេត្តបាត់ដំបង។ សម្ដេចបន្តថា រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា មានរបៀបរបបធ្វើការផ្សារភ្ជាប់គោលនយោបាយទៅនឹងជីវភាពប្រជាពលរដ្ឋ ពោលគឺគោលនយោបាយ និងកម្មវិធីនយោបាយត្រូវធ្វើឡើងតាមសេចក្ដីត្រូវការសង្គម និងប្រជាពលរដ្ឋ។

សម្ដេចបានបន្តថា កម្ពុជាមានពិសោធសម័យដឹកនាំមុនៗមកហើយ ពិសសរបបប្រល័យពូជសាសន៍ ដែលបានដាក់ចេញគោលការណ៍ មាគ៌ានយោបាយខុសពីសេចក្ដីត្រូវការសង្គម និងប្រជាពលរដ្ឋ មិនគិតពីសុខទុក្ខប្រជាពលរដ្ឋ ផ្ទុយឆន្ទៈ និងបំណងប្រាថ្នាប្រជាពលរដ្ឋ រហូតទីបំផុតដឹកនាំបាន ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក៏រលំរលាយ ទោះបីជាពេលនោះរបបអាវខ្មៅមួយនេះខ្លាំងក្លាកម្រិតណាក៏ដោយ។ សម្ដេចបានបន្ថែមថា ព្រោះហេតុដូច្នេះហើយទើបការដឹកនាំ ការដាក់ចេញគោលការណ៍ មាគ៌ានយោបាយនានា ចាំបាច់ណាស់ត្រូវតម្រូវទៅតាមសេក្ដីត្រូវការសង្គម និងប្រជាពលរដ្ឋជាចាំបាច់។

ពាក់ព័ន្ធនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញការកត់សម្គាល់ថា «ប្រជាពលដ្ឋយើង ខ្ញុំដើរច្រើនកន្លែងហើយ ហើយទទួលសំណូមពរ សំណើក៏ច្រើនដែរ។

គាត់អត់ដែលសុំលុយទិញឡាន ទិញម៉ូតូ ទិញរទេះគោ រទេះក្របី ដើម្បីបម្រើក្រុមគ្រួសារផ្ទាល់របស់គាត់ទេ។ គាត់មានតែសុំសាលារៀន សុំវត្ត សុំផ្លូវ សុំអ្វីៗដែលបម្រើផលប្រយោជន៍សាធារណៈ» ។ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា សំណើរទាំងនេះ គឺជាការឆ្លុះបញ្ចាំងច្បាស់ថា ពលរដ្ឋចង់ឱ្យសហគមន៍ពួកគាត់មានការរីកចម្រើន។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងកោតសរសើរជាថ្មីទៀតចំពោះការចូលរួមរបស់ប្រជាពលរដ្ឋធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ ជាមួយគ្នានេះសម្ដេចក៏បានបង្ហាញមោទនភាពចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលផ្ដល់ទំនុកចិត្តលើរាជរដ្ឋាភិបាល លើគណបក្ស និងលើរូបសម្ដេច ព្រមទាំងក្រុមការងារ ដើម្បីស្នើសុំឱ្យជួយសាងសង់សាលារៀន ដ្បិតសម្ដេចអះអាងថា បើគ្មានការជឿជាក់ និងការឱ្យតម្លៃទេនោះ សំណើរនេះនឹងមិនអាចកើតឡើងឡើយ ៕

សម្រួលផ្សាយ៖ dara


Sunday, August 7, 2022

គ្រឿងញៀនជាង២៦គីឡូក្រាម ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប!

ចំនួនអ្នកទស្សនា: Views


ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ក្រោមការបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ គ្រឿងញៀន ជាច្រើនប្រភេទ សរុប ២៦គីឡូក្រាម ២ខាំ (២៦.១៩៩៨ គីឡូក្រាម) ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបើកការស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេលជាច្រើនខែ ទើបមានភស្តុតាងកំណត់មុខសញ្ញាបានជាក់លាក់ ឈានដល់ការបង្ក្រាបជាក់ស្តែង កាលពីវេលាម៉ោង២០:៤៥នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅចំណុច ផ្ទះលេខ A6-1577 ផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ គឺ ឈ្មោះ ហ៊ីម ឆេងហ៊ួរសុដាវីដ ភេទប្រុស អាយុ២៣ឆ្នាំ និង ឈ្មោះ ហ៊ាត រ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ។ វត្ថុតាងពាក់ព័ន្ធ ដែលអាវុធហត្ថ បង្ក្រាបបានក្នុងប្រតិបត្តិការនេះរួមមាន៖ គ្រឿងញៀនចម្រុះសរុប ២៦គីឡូក្រាម ២ខាំ, សារធាតុផ្សំជាវត្ថុរាវ ចំនួន១៥ដប, ជញ្ជីងថ្លឹងចំនួន០៥, ម៉ាស៊ីនសម្រាប់លាយថ្នាំញៀន ចំនួន០២, ម៉ាស៊ីនសម្រាប់អ៊ុតថង់ប្លាស្ទិចចំនួន០៥ ព្រមទាំង ឧបករណ៍វេចខ្ចប់មួយចំនួនទៀត។


ជនសង្ស័យទាំង០២នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញ នៃការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា យកទៅបន្ត ការស្រាវជ្រាវ ទៅកាន់គោលដៅមួយកន្លែងទៀត នៅក្នុងអឹផាតមិនមួយ ស្ថិតក្នុងភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយឆែកឃើញសារធាតុផ្សំ កាកសំណល់គ្រឿងញៀន ឧបករណ៍សម្រាប់លាយ និងកែច្នៃគ្រឿងញៀនមួយចំនួនទៀត។ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ទាប់ពីបានបញ្ចប់ការស៊ើបអង្កេត និងស្រាវជ្រាវ។




Friday, August 5, 2022

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ:ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

រូបថត៖ ផែន រតនៈ

Wednesday, August 3, 2022

ឯកឧត្តម គង់ ភោគ បង្ហាញកម្មវិធីសម្រាប់ជំនួបពិភាក្សា និង កិច្ចប្រជុំសំខាន់ៗនៅថ្ងៃនេះ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២-- ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានធ្វើសន្និសីទសារព័ត៌មានជម្រាបពីព័ត៌ ដើម្បី បង្ហាញកម្មវិធីសម្រាប់ជំនួបពិភាក្សា និង កិច្ចប្រជុំសំខាន់ៗនៅថ្ងៃទី០៣ខែសីហា ឆ្នាំ២០២២នេះ ជុំវិញកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ 

 ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា នៅថ្ងៃនេះមានជំនួបចំនួន៤ ដូចជា៖១.ជំនួបជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ២.ពិធីបើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ៣.ការផ្តល់ពាន់រង្វាន់អាស៊ាន និងពិធីចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ និង កិច្ចប្រជុំសំខាន់ៗចំនួន៤មាន៖ កិច្ចប្រជុំពេញអង្គ រដ្ឋមន្ត្រីការបរទេសលើកទី៥៥ ,ជំនួបអាហាររបស់រដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា លេខាធិការដ្ឋានអាស៊ាន។

 ក្រៅពីនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបជាមួយឥស្សរជនអន្តរជាតិចំនួន២រូបគឺ ឯកឧត្តមទីប្រឹក្សារដ្ឋ វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តមរដ្ឋមន្ត្រីការបរទេសកាតា។ 

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកាតា ជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន និង ចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ នៅថ្ងៃនេះដែរ រដ្ឋមន្ត្រីការបរទេសអាស៊ាន រូមជាមួយអគ្គលេខាធិការអាស៊ាន នឹងចូលរួមពិភាក្សាការងារនិងផ្លាស់ប្តូរទស្សនៈជាមួយសម្តេចតេជោ ហ៊ុន សែន ជុំវិញភាពពាក់ព័ន្ធវឌ្ឍភាពនៃដំណើរការការកសាងសហគមន៍អាស៊ាន និងបញ្ហាប្រឈមគំនិតផ្តួចផ្តើមនានា សម្រាប់ស្តារសេដ្ឋកិច្ច និងសង្គមក្រោយវិបត្តិជំងឺកូវីដ១៩ និងបញ្ហាក្នុងតំបន់ និងសកលកំពុងកើតឡើងក្នុងតំបន់របស់យើង។ 

 រដ្ឋមន្ត្រីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងបន្តជាកិត្តិយសចូលរួមក្នុងកម្មវិធីពាន់រង្វាន់អាស៊ាន ព្រមទាំងចូលរួមកិច្ចប្រជុំពេញអង្គដោយពិភាក្សាផ្លាស់ប្តូរលម្អិតពាក់ព័ន្ធស្ថានភាពក្នុងតំបន់សកល រួមមានសហគមន៍អាស៊ាននិងតំបន់ មួយចំនួនទៀតដែលកំពុងកើតមាន នៅក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានផងដែរ រួមមាន សហគមន៍អាស៊ាន លទ្ធភាព លទ្ធផល សំខាន់ៗរបស់អាស៊ានឆ្នាំ២០២២ ការស្នើចូលរួមរបស់

ប្រទេសទីម័រខាងកើត លទ្ធផលទំនាក់ទំនងរបស់អាស៊ាន និងដៃគូ និងក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ ដូចជាបញ្ហាក្នុងតំបន់ និងសកលមានបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា និង សមុទ្រចិនខាងត្បូង៕ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ផែន រតនៈ និងឯល វឌ្ឍនៈ សម្រួលផ្សាយដោយ៖ dara